ប្រតិភូសាខាសមាគមនារីខេត្តពោធិ៍សាត់ ធ្វើទស្សនៈកិច្ចសិក្សាស្វែងយល់ ការងារសិប្បកម្ម កសិកម្ម និងទេសចរណ៍​ នៅតំបន់សំខាន់ៗ របស់ខេត្តត្រាត (Video inside)

 

ពោធិ៍សាត់៖ ប្រតិភូសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ប្រមាណ៣៦រូប ដឹកនាំដោយលោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាសមាគមនារីកម្ពុជា និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត បានរៀបចំដំណើរទស្សនៈកិច្ចសិក្សាស្វែងយល់ ការងារសិប្បកម្ម កសិកម្ម និងទេសចរណ៍ នៅតំបន់សំខាន់ៗមួយចំនួន នៃខេត្តត្រាត ប្រទេសថៃ ដើម្បីដកស្រង់បទពិសោធន៍ មានមូលដ្ឋានគ្រឹះយកទៅអភិវឌ្ឍន៍ នៅមូលដ្ឋានរៀងៗខ្លួន។ 

ដំណើរទស្សនៈកិច្ចសិក្សានេះ ធ្វើឡើងចាប់ពីថ្ងៃទី២២-២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមការជួយឧបត្ថម្ភពីលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារី ខេត្តពោធិ៍សាត់ និងដោយបានការសម្របសម្រួលពីលោកស្រី វី យ៉ាដា អនុប្រធានសមាគមទេសចរណ៍ ខេត្តត្រាត។

ប្រតិភូសាខាសមាគមនារីខេត្តពោធិ៍សាត់ ធ្វើទស្សនៈកិច្ចសិក្សាស្វែងយល់ ការងារសិប្បកម្ម កសិកម្ម និងទេសចរណ៍​ នៅតំបន់សំខាន់ៗ របស់ខេត្តត្រាត ព័ត៌មានលម្អិត៖ http://khmerevents.com/national-news/9188

Posted by Pursat Provincial Hall on Monday, February 25, 2019

ក្នុងដំណើរទស្សនៈកិច្ចនេះ ប្រតិភូសមាគមនារីខេត្ត បានចុះពិនិត្យ និងដកស្រង់បទពិសោធន៍ ទីគោរពសក្ការៈដ៏ស័ក្តិសិទ្ធិ របស់ប្រជាជនថៃ, កំពង់ផែពហុបំណងក្លងយ៉ៃ, ផ្សារសហកន, សិប្បកម្មកែច្នែវត្ថុអនុស្សាវរីយ៍ ដែលធ្វើអំពីត្រឡោកដូង, សិប្បកម្មកែច្នៃធុរ៉េន ម្នាស់ ខ្នុរ មង្ឃុត សាវម៉ាវ មៀន ស្វាយ…​, ចម្ការសន្លាក, ជីវភាពរស់នៅ និងតំបន់ទេសចរណ៍មួយចំនួន ក្នុងស្រុកក្លងយ៉ៃ ស្រុកឡែមង៉ប ស្រុកកោះឆាង ស្រុកកៅសាមីង និងស្រុកមឿង ខេត្តត្រាត ប្រទេសថៃ។

លោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាសមាគមនារីកម្ពុជា បានថ្លែងឲ្យដឹងថា ការរៀបចំឲ្យមានដំណើរទស្សនៈកិច្ចនាពេលនេះ គឺក្រោមគំនិតផ្តួចផ្តើមពីសំណាក់ លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខា ដើម្បីឲ្យសមាជិកាសាខា និងអនុសាខាសមាគមនារី នៅថ្នាក់ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ និងតាមមន្ទីរអង្គភាពនានាជុំវិញខេត្ត បានដកស្រង់យកពិសោធន៍កិច្ចការងារមួយចំនួន ជុំវិញទំនាក់ទំនងរវាងនារីកម្ពុជា និងនារីថៃ មានមុខរបរគ្រប់ៗគ្នា សម្រាប់ជួយបណ្តុះបណ្តាលទៅដល់ប្រជាជនក្រីក្របន្ថែមទៀត។ លោកស្រីបន្តថា គោលដៅសំខាន់ក្នុងដំណើរទស្សនៈកិច្ចនាពេលនេះ គឺចង់ឃើញសិប្បកម្មតូចៗ ដែលធ្វើដោយដៃនារី ដូចជាសិប្បកម្មត្បាញ និងសិប្បកម្មកែច្នៃម្ហូបអាហារ ថាតើវត្ថុធាតុដើមដែលមាននៅខេត្តពោធិ៍សាត់ អាចធ្វើ និងមានទំនាក់ទំនងគ្នាបានយ៉ាងដូចម្តេចខ្លះ។  

តំណាងសមាជិកាសមាគមនារីខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ដែលបានជួយឧបត្ថម្ភការធ្វើដំណើរ ស្នាក់នៅ ហូបចុក និងបានផ្តល់ឱកាសឲ្យប្រតិភូសាខា និងអនុសាខាសមាគមនារី នៅថ្នាក់ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ និងតាមមន្ទីរអង្គភាពនានាជុំវិញខេត្ត បានមកទស្សនៈកិច្ចសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ យកទៅអភិវឌ្ឍន៍ នៅមូលដ្ឋាន និងសហគមន៍រៀងៗខ្លួន៕ Ti Amo (ពស)

 

Leave a Reply

Your email address will not be published. Required fields are marked *