អភិបាលខេត្តពោធិ៍សាត់ ជម្រុញមន្ត្រីនគរបាលយុត្តិធម៌នៅមូលដ្ឋាន ត្រូវអនុវត្តន៍ច្បាប់ទៅតាមក្រមសីលធម៌ភាពជាចាស់ទុំ ដោយប្រកាន់ជំហរសុក្រឹត និងយុត្តិធម៌ (Video inside)

ពោធិ៍សាត់៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានជម្រុញឲ្យអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសមន្ត្រីនគរបាលយុត្តិធម៌នៅមូលដ្ឋាន ត្រូវបន្តពង្រឹងសមត្ថភាពរបស់ខ្លួន ដោយអនុវត្តន៍ច្បាប់ទៅតាមក្រមសីលធម៌ភាពជាចាស់ទុំ ប្រើប្រាស់ភ្នែកឲ្យបានច្រើនជាងត្រចៀក មានជំហរសុក្រឹត និងយុត្តិធម៌ ធ្វើយ៉ាងណាឲ្យមូលដ្ឋានមានភាពស្ងប់ស្ងាត់ គ្មានការចរាចរណ៍ និងប្រើប្រាស់គ្រឿងញៀន។

លោកអភិបាលខេត្ត បានថ្លែងបែបនេះ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្ត ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀននព្វមាស ប្រចាំឆ្នាំ២០១៨ ដោយបានការចូលរួមពីលោកអភិបាលរងខេត្តទទួលបន្ទុក លោកព្រះរាជអាជ្ញារង ប្រធានលេខាធិការដ្ឋានសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាល និងអធិការក្រុងស្រុក មេឃុំចៅសង្កាត់ និងមេប៉ុស្តិ៍ទាំង៤៩ឃុំសង្កាត់ ទូទាំងខេត្តពោធិ៍សាត់។ 

លោក ម៉ៅ ធនិន បានថ្លែងទៀតថា ក្នុងនាមយើងជាមន្ត្រីនគរបាលមួយរូបនៅក្នុងមូលដ្ឋាន ត្រូវចាកចេញឲ្យផុតពីការបង្កលក្ខណៈឲ្យបទល្មើសគ្រឿងញៀនកើតឡើង ត្រូវចូលរួមត្រួតពិនិត្យមុខសញ្ញាជួយដូរ ថាតើវាកើតចេញពីចំណុចណា។ លោកបានសង្កត់ធ្ងន់ថា ច្បាប់មានប្រសិទ្ធភាព ឬគ្មានប្រសិទ្ធភាព គឺផ្តើមចេញពីកត្តាមនុស្ស មិនមែនផ្តើមចេញពីអ្នកតាក់តែងច្បាប់នោះទេ ដូច្នេះកត្តាមនុស្សគឺជាកត្តាកំណត់ក្នុងការអនុវត្តន៍ច្បាប់ បើមនុស្សមិនមុតស្រួច គ្មានឆន្ទះ គ្មានមនសិក្កា គ្មានក្រមសីលធម៌ និងគ្មានភាពចាស់ទុំទេនោះ មានច្បាប់គឺនៅតែឥតប្រយោជន៍ដែរ ហើយការអនុវត្តន៍ច្បាប់ គឺត្រូវឈរនៅលើមូលដ្ឋានសុក្រឹត និងយុត្តិធម៌។ 

ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខេត្ត លោកមិនចង់បានរបាយការណ៍ ដែលពាក់ព័ន្ធនឹងសកម្មភាពនៃការបង្ក្រាបបទល្មើសគ្រប់ប្រភេទនោះឡើយ ពោលគឺចង់បានតែរបាយការណ៍នៃភាពស្ងប់ស្ងាត់ ដែលមូលដ្ឋាននោះទទួលបាន ក្រៅពីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ លោកបានបន្ថែមទៀតថា អំណា​ចដែលយើងមាន ត្រូវប្រើប្រាស់ឲ្យអស់លទ្ធភាព ក្នុងការដាក់ទោសបុគ្គលដែលប្រព្រឹត្តផ្ទុយនឹងច្បាប់ និងត្រូវប្រើប្រាស់ភ្នែកឲ្យបានច្រើនជាងត្រចៀក ដោយមិនជ្រកក្រោមដំបូលរបស់បទល្មើសនោះឡើយ។ លោកបានបន្តថា ស្រុកយើងមានសុខសន្តិភាពពេញលេញមកដល់ពេលនេះ គឺដោយសារសម្តេច​តេជោ បានយកជីវិតមកប្តូរដើម្បីឲ្យមាតុភូមិយើងសុខសាន្ត ក៏ប៉ុន្តែពុកម៉ែប្រជាពលរដ្ឋរបស់យើង បែរជាមិនបានសុខដោយសារតែគ្រឿងញៀន​ ដូច្នេះយើងត្រូវចូលរួមលុបបំបាត់ការចរាចរណ៍ និងប្រើប្រាស់គ្រឿងញៀនឲ្យបាន​ទាំងអស់ ស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៩ចំណុច៕ (Ti Amo)

 

 

Leave a Reply

Your email address will not be published. Required fields are marked *