៣ថ្ងៃនេះ! លោក ម៉ៅ ធនិន អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ សូមថែរក្សាសុខភាពឱ្យបានល្អ ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឱ្យបានគ្រប់ៗគ្នា

ពោធិ៍សាត់៖ លោក ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ នាថ្ងៃទី១៧-១៨-១៩ ខែឧសភា ឆ្នាំ២០១៩ បានអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់សូមត្រៀមខ្លួន និងថែរក្សាសុខភាពឱ្យបានល្អ ដោយគូសឲ្យចំដូចពេលសាកល្បង និងសូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នាពេលខាងមុខ ឱ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ក៏ដូចជាប្រទេសជាតិយើងទាំងមូល។

ការអំពាវរបស់លោក ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សា ឃុំ-សង្កាត់ ដែលជាអង្គបោះឆ្នោត ក្នុងក្រុងពោធិ៍សាត់ ស្រុកកណ្តៀង និងស្រុកក្រគរ នាឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៣ នៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ក្នុងស្រុក-ក្រុងនីមួយៗ។

លោក ម៉ៅ ធនិន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់សមាជិកបក្សទាំងអស់ ដែលក្នុងរយៈពេលកន្លងមកនេះ បានខិតខំយកអស់ពីកម្លាំងកាយចិត្ត ក្នុងការកសាងសមិទ្ធផលជាច្រើន សម្រាប់បម្រើឱ្យសង្គមជាតិ ពិសេសបានយកចិត្តទុកដាក់ចូលរួមពង្រឹងការការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អ រហូតឈានទៅទទួលភាពជោគជ័យ នៃការបោះឆ្នោតឈ្នះដាច់គេ បើប្រៀបធៀបទូទាំងប្រទេស។

លោកបានបន្ថែមថា មន្ត្រីដែលជាសមាជិកបក្សទាំងអស់ត្រូវប្រព្រឹត្តិតែអំពើល្អ សុច្ចរិត មានព្រហ្មវិហារធម៌ ចេះជួយគ្នាក្នុងគ្រាលំបាក ចាត់ទុកគ្នាជាគ្រួសារតែមួយ និងមានចិត្តស្មោះត្រង់ចំពោះបក្ស ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ហើយត្រូវចេះជួយដោះស្រាយរាល់ទុក្ខលំបាកជូនប្រជាជននៅមូលដ្ឋាន ទោះគ្រប់កាលៈទេសៈណាក៏ដោយ។ លោកបានបន្ថែមទៀតថា យើងក្រឡេកមកវិញ តួនាទីបុណ្យសក្តិដែលយើងឈរជើងសព្វថ្ងៃនេះ គឺបានដោយសាររាស្ត្រ បើរាស្ត្រមានជំនឿមកលើយើង នោះដោយសារតែទង្វើរ និងការយកចិត្តទុកដាក់របស់មន្ត្រីយើងទាំងអស់ ដូច្នេះភាពជោគជ័យទៅលើការងារនយោបាយ ឬការងារដឹកនាំ គឺផ្តើមចេញពីកត្តាមូលដ្ឋាន ជាកត្តាកំណត់។

សូមបញ្ជាក់ថា ខេត្តពោធិ៍សាត់ មានគណបក្សនយោបាយចំនួន៣ ដែលបានចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៣ ឆ្នាំ២០១៩ រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សសញ្ជាតិកម្ពុជា។ បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាខេត្ត មាន២១រូប និងបេក្ខជនបម្រុង២១រូប, បេក្ខជនក្រុមប្រឹក្សាក្រុង ស្រុក ទាំង៧ មានចំនួន១២១រូប និងបេក្ខជនបម្រុង១២២រូប សរុបបេក្ខជនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ទូទាំងខេត្តពេញសិទ្ធិ មានចំនួន១៤២រូប ស្រី២០រូប និងបម្រុង១៤៣រូប ស្រី២៤រូប។ ចំពោះអង្គបោះឆ្នោត មានចំនួន៣៤៣នាក់ ក្នុងនោះស្រុកបាកាន៨១នាក់ ស្រុកកណ្តៀង៥៧នាក់ ស្រុកក្រគរ៦៩នាក់ ស្រុកវាលវែង២៥នាក់ ស្រុកភ្នំក្រវាញ៤០នាក់ ក្រុងពោធិ៍សាត់៤៧នាក់ និងស្រុកតាលោសែនជ័យ២២នាក់៕ Ti Amo (ពស)

Leave a Reply

Your email address will not be published. Required fields are marked *