ចៅអធិការវត្តបាកាន អំពាវនាវពុទ្ធបរិស័ទ្ធ ចូលរួមបច្ច័យ ក៏ដូចជាប្រេងសាំង ដើម្បីបន្តស្តារបឹងធម្មជាតិ ដែលជាអតីតស្ទឹងពោធិ៍សាត់ឡើងវិញ (Video inside)

ពោធិ៍សាត់៖ ថ្លែងប្រាប់ភ្នាក់ងារ Khmer Events ប្រចាំខេត្តពោធិ៍សាត់ នាពេលថ្មីៗនេះ, ព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន បានអំពាវនាវ ដល់សប្បុរសជន និងពុទ្ធបរិស័ទ្ធ ទាំងក្នុង និងក្រៅប្រទេស ជាពិសេសថ្នាក់ដឹកនាំខេត្ត សូមជួយចាប់មគ្គផល បន្តឧបត្ថម្ភជាបច្ច័យ និងប្រេងសាំង ដើម្បីបញ្ចប់គម្រោងស្តារបឹងធម្មជាតិ ដែលជាអតីត (ស្ទឹងពោធិ៍សាត់) ក្នុងរយៈពេលរាំងស្ងួត សម្រាប់រក្សាទឹកទុកប្រើប្រាស់ជាប្រយោជន៍រួមនៅថ្ងៃខាងមុខ។

លោកតា សៅ រ៉ន អាចារ្យគណៈកម្មការវត្តបាកាន បានថ្លែងថា សព្វថ្ងៃបឹងធម្មជាតិ ដែលជាអតីត (ស្ទឹងពោធិ៍សាត់) បច្ចុប្ប​ន្នមានសភាពរីងស្ងួត ខ្វះខាតទឹកជាចំបាច់ និងអាចនិយាយបានថា ទំនាបបឹងនេះបានប្រែក្លាយជាស្រែជំរៅហើយ។ ឃើញដូច្នេះ គណៈកម្មការអាចារ្យវត្ត ព្រះសង្ឃ និងអាជ្ញាធរដែនដី បានឯកភាពស្តារបឹងធម្មជាតិនេះឡើង សម្រាប់ជាប្រយោជន៍សាធារណៈ ដល់ប្រជាពលរដ្ឋប្រើប្រាស់។ លោកតាអាចារ្យវត្ត បានបន្តថា វត្តបាកាន គឺជាវត្តចំណាច់ជាង​វត្តទូទៅ ប្រជាពលរដ្ឋក្នុង និងក្រៅស្រុកក្តី តែងតែមានជំនឿជឿជាក់ មកបំពេញបុណ្យកុសលរួមគ្នា ក្នុងទីវត្តបាកាននេះ។ ម្លោះហើយបានបានជា គណៈកម្មការអាចារ្យវត្ត និងព្រះសង្ឃ មានលទ្ធភាពដើម្បីរួមកសាងវត្តនេះឡើង ហើយការកសាង គឺអាស្រ័យលើពុទ្ធបរិស័ទ្ធ សប្បុរសជនទូទៅ ជាអ្នកឧបត្ថម្ភ គាំទ្រ។

ព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន មានសង្ឃដិកាថា ដោយមើលឃើញជាក់ស្តែងពីសភាពរាំងស្ងួត ក្តៅហួតហែង មានការខ្វះខាតទឹកនៅទូទាំងប្រទេស ក៏ជានៅក្នុងខេត្តពោធិ៍សាត់ និយាយរួមនឹងនិយាយដោយឡែក ក្នុងស្រុកបាកានផ្ទាល់តែម្តង ព្រះអង្គ និងគណៈកម្មការអាចារ្យវត្ត បានពិគ្រោះយោបល់គ្នា ថានឹងស្តារបឹងធម្មជាតិនេះឡើងវិញ ប្រវែង៨០x៥០០ម៉ែត្រ ដើម្បីរក្សាទឹកទុកប្រើប្រាស់ជាប្រយោជន៍រួម និងដើម្បីរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីបជាដើម ជាពិសេសបញ្ជៀសការកកស្ទះ នៅពេលមានពិធីបុណ្យប្រពៃណីជាតិក្នុងវត្តម្តងៗ ពីព្រោះមានកោះមួយ ដែលមានទំហំទៅដល់ ៧៨x៥០០ម៉ែត្រ។ ព្រះគ្រូចៅអធិការវត្ត មានសង្ឃដិកាទៀតថា គម្រោងនេះចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ មកដល់ពេលនេះដំណើរបាន៥០%ហើយ ដែលគ្រោងនឹងបញ្ចប់នៅចុងខែមិថុនា ឆ្នាំ២០១៩ខាងមុខ។ យើងដឹងហើយថា ឆ្នាំនេះមានប្រជាពលរដ្ឋជាង៣ម៉ឺន បានមកចូលរួមលេងកម្សាន្ត ក្នុងឱកាសពិធីស្រង់ព្រះ ឆ្លងពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពស២៥៦៣។ ហើយឆ្នាំក្រោយ នឹងកាន់តែច្រើនបន្ថែមទៀត នៅពេលគម្រោងស្តារស្ទឹងក្បែរវត្ត រួចរាល់ជាស្ថាបពរ។

ព្រះគ្រូចៅអធិការវត្ត មានសង្ឃដិកាបន្ថែមថា បច្ច័យដែលបានមក ពេលមានពិធីបុណ្យក្នុងវត្តម្តងៗ បានចំណាយលើគ្រឿងចក្រស្ទើរតែទាំងស្រុង។ ដូច្នេះនៅខ្វះខាតបច្ច័យជាច្រើនទៀត សម្រាប់ចំណាយប្រេងសាំង ក្នុងការស្តារបឹងធម្មជាតិ ដែលជាអតីត(ស្ទឹងពោធិ៍សាត់)នេះឡើងវិញ។

គួររំលឹកថា វត្តបាកានជាវត្តមួយ ដែលស្ថិតនៅប៉ែកបច្ចឹមនៃខេត្តពោធិ៍សាត់ បើចេញដំណើរពីពោធិ៍សាត់ទៅមានចម្ងាយប្រហែល១៩គីឡូម៉ែត។ ពីអតីតកាល វត្តនេះគេហៅថាវត្តបានកា ហេតុដែលគេហៅបែបនេះមកពីប្រជាជន តែងបន់ស្រន់ពេលណា តែងទទួលបានជោគជ័យពេលនោះ។ វត្តនេះមានព្រះវិហារមួយ ដែលមានព្រះពុទ្ធរូបបែរមុខទៅទិសខាងលិច ហើយមានប្រាសាទតូចមួយនៅខាងកើតព្រះវិហារ ប្រាសាទនេះសង់ពីថ្មបាយក្រៀមលាយឡំដោយថ្មភួក៕ Ti Amo (ពស)

 

default
default
default
default
default
default

default
default
default
default
default

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *