រដ្ឋបាលខេត្តពោធិ៍សាត់ និងរដ្ឋបាលខេត្តត្រាត ជួបប្រជុំគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ជាពិសេសជម្រុញការបើកច្រកទ្វារអន្ដរជាតិថ្មដា ក្នុងខេត្តពោធិ៍សាត់ (Video inside)

Video រដ្ឋបាលខេត្តពោធិ៍សាត់ និងរដ្ឋបាលខេត្តត្រាត ជួបប្រជុំគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ជាពិសេសជម្រុញការបើកច្រកទ្វារអន្ដរជាតិថ្មដា ក្នុងខេត្តពោធិ៍សាត់

Posted by Pursat Provincial Hall on Thursday, January 10, 2019

ពោធិ៍សាត់៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោក ប្រះសឺត លឺឆាថៈណាណុន អភិបាលខេត្តត្រាត នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងាររួមគ្នាមួយ នៅសាលប្រជុំផ្លយដែង ជាន់ទី៤ នៃសាលាខេត្តត្រាត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់សម្ព័ន្ធភាព បន្តរក្សាទំនាក់ទំនងល្អខេត្តជាប់ព្រំដែន ព្រមទាំងខិតខំបន្តកសាង ថែរក្សា ការពារ នូវព្រំដែនសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍន៍ប្រកបដោយចេរភាព ជាពិសេសជម្រុញឲ្យកិច្ចដំណើរការបើកច្រកព្រំដែនថ្មដា ទៅជាច្រកទ្វារអន្ដរជាតិ និងជម្រុញ ក្នុងការផ្តល់សេវាប័ណ្ណព្រំដែន កម្ពុជា-ថៃ ឲ្យបានឆាប់រហ័ស។

កិច្ចប្រជុំនេះ បានផ្តោតសំខាន់លើការអនុវត្តកិច្ចព្រមព្រៀងកន្លងមក លើបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ព្រំដែន បញ្ហាកម្លាំងពលកម្ម និងការងារ ការផ្ដាស់ប្ដូរទំនិញ និងកសិផលតាមព្រំដែន បញ្ហាបរិស្ថានអនាម័យ បញ្ហាសុខភាពសាធារណៈ កិច្ចការសង្គម ទេសចរ ការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងកាត់ព្រំដែន ព្រមទាំងការតំឡើងច្រកព្រំដែនអន្តរជាតិ និងការប្រើប្រាស់ប័ណ្ណព្រំដែន កម្ពុជា-ថៃ សម្រាប់ជាប្រយោជន៍នៃការអភិវឌ្ឍន៍តំបន់ព្រំដែន នៃប្រទេសទាំងពីរ។ 

ឆ្លងកាត់តាមកិច្ចប្រជុំពិភាក្សាការងារខាងលើ ភាគីថៃបានសន្យាជម្រុញ ឲ្យរដ្ឋបាលខេត្តត្រាត រៀបចំនីតិវិធីឆ្លងទៅថ្នាក់លើឲ្យបានឆាប់រហ័ស ដើម្បីពន្លឿននៃការប្រើប្រាស់ប័ណ្ណព្រំដែន មុននឹងឈានដល់ការតំឡើងជាច្រកព្រំដែនអន្តរជាតិនាពេលខាងមុខ។ ជាមួយគ្នានោះ ភាគីកម្ពុជាបានស្នើថ្ងៃចេញចូល ឲ្យបាន៧ថ្ងៃក្នុងមួយសប្តាហ៍ បន្ថែមលើថ្ងៃចេញចូលចាស់ ដែលបានត្រឹមតែ៣ថ្ងៃ ក្នុងមួយសប្តាហ៍។ រាល់កិច្ចសហប្រតិបត្តិការខាងលើ ភាគីទាំង២ បានបង្ហាញនូវការយល់ឃើញរួមគ្នា អំពីសារៈសំខាន់ ផលប្រយោជន៍ នៃទំនាក់ទំនងល្អ ក្នុងការខិតខំកសាង និងថែរក្សាការពារឲ្យបាន នូវព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងមានការអភិវឌ្ឍប្រកបដោយចេរភាព។ បន្ថែមពីនោះ ភាគីទាំងពីរ បានយល់ព្រមឯកភាពគ្នា ប្រសិនមានវិវាទណាមួយកើតឡើងនៅតាមព្រំដែន ភាគីទាំងពីរគួរតែអត់ធ្មត់ឲ្យបានកម្រិតខ្ពស់បំផុត និងខិតខំទប់ស្កាត់វិវាទទាំងនោះ ដោយសន្តិវិធី និងឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា។ ប្រសិនបើបញ្ហាមិនត្រូវបានដោះស្រាយ ភាគីទាំងពីរគួររាយការណ៍ជូនថ្នាក់ដឹកនាំរៀងៗខ្លួន។

សូមបញ្ជាក់ថា កម្ពុជា-ថៃ បានព្រមព្រៀងគ្នាថា នឹងបើកច្រកព្រំដែនអន្តរជាតិបន្ថែម ៤ទៀត នាពេលខាងមុខ។ ការព្រមព្រៀងនេះ បានធ្វើឡើង ក្នុងកិច្ចប្រជុំថ្នាក់អភិបាលខេត្តជាប់ព្រំដែន លើកទី៦ នៅរាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាសម្រួលដល់ការដឹកជញ្ជូនទំនិញ និងទេសចរឆ្លងកាត់ កម្ពុជា-ថៃ។ ហើយច្រកតំបន់ទាំង៤ ដែលត្រូវតំឡើងជាច្រកអន្តរជាតិនាពេលខាងមុខ៖ រួមមាន ច្រក​អានសេះ ក្នុង​ខេត្ត​ព្រះវិហារ ច្រក​ជប់​គរគី ខេត្ត​ឧត្តមានជ័យ ច្រកភ្នំដី ​ខេត្ត​បាត់ដំបង និងច្រកថ្មដា ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទល់មុខច្រកថាសេន ស្ថិតក្នុងភូមិថាសេន ឃុំឡែមក្លាត ស្រុកមឿង ខេត្តត្រាត៕ (Ti Amo)

created by dji camera
created by dji camera
created by dji camera
created by dji camera
created by dji camera

Leave a Reply

Your email address will not be published. Required fields are marked *