ថ្នាក់ដឹកនាំក្រសួង និងអភិបាលខេត្ត ផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ការប្រើប្រាស់គ្រឿងញៀន និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិកា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអញ្ជើញបើកវគ្គផ្សព្វផ្សាយអប់រំ អំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ចំនួន៣៥០នាក់ ក្នុងនោះសិស្ស១០០នាក់ នៅអគារបណ្ណាល័យ​វិទ្យាល័យពោធិ៍សាត់។

បន្ទាប់ពីលោក លី សុគន្ធី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានជម្រាបជូនស្ថានភាពវិស័យអប់រំក្នុងឆ្នាំសិក្សា២០១៧-២០១៨ និង២០១៨-២០១៩ និងលោកឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀននោះរួចមក លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិកា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា បញ្ហាគ្រោះថ្នាក់នៃគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាដ៏ធំចំពោះសុខភាពសាធារណៈ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ដោយផ្អែកតាមប្រធានបទ សំខាន់ទាំងពីនេះ ក្រសួងអប់រំយុវជន និងកីឡា សហការជាមួយ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងសាធារណការ និងដឹកជញ្ជូន ចុះបើកវគ្គផ្សព្វផ្សាយអប់រំ ពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន និងសុវត្ថិភាពចរាចរណ៍នេះឡើង ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកសិក្សាទាំងអស់ ឲ្យទទួលបានការយល់ដឹងកាន់តែច្បាស់ថែមទៀត ដើម្បីងាយស្រួលយកទៅអនុវត្ត នៅតាមសាលារៀន សហគមន៍ និងគ្រឹះ ស្ថានសិក្សា។ លោកស្រីបានរំលឹកថា គ្រឿងញៀនគឺមិនមែនជាឱសថសម្រាប់ជួយបំបាត់ទុក្ខព្រួយ ជួយឲ្យរៀនពូកែ ​ជួយលើកកម្លាំងនោះទេ ផ្ទុយទៅវិញការប្រើប្រាស់គ្រឿងញៀន គឺនាំឲ្យខូចសុភាព បង្កបញ្ហាដល់គ្រួសារ សង្គម ខុសច្បាប់ ខូចអនាគត និងស្លាប់។ ដើម្បីឲ្យរូបយើង និងសង្គមជាតិយើង មានកិត្តិយស កូនខ្មែរប្រុសស្រី សូមកុំប្រើគ្រឿងញៀន ត្រូវស្អប់គ្រឿងញៀន មិនសេពគ្រឿងញៀន ត្រូវឃ្លានវិជ្ជា និងមានអនាគតភ្លឺស្វាង។ ចំពោះគ្រោះថ្នាក់ចរាចរណ៍ក៏ដូចគ្នានោះដែរ ឃើញថាក្នុងមួយថ្ងៃៗ មានអ្នកស្លាប់ ​របួស បាត់បង់ និងខូចខាតសម្ភារៈថវិកា មិនដែលខានម្តងណាឡើយ។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលជាត្រីវិស័យសម្រាប់ប្រជាពលរដ្ឋ ជាពិសេសបុគ្គលិកសិក្សាគ្រប់គ្រឹះស្ថានទាំងអស់ ចូលរួមផ្សព្វផ្សាយដល់សិស្សានុសិស្ស រួមចំណែកកាត់បន្ថយការស្លាប់ របួស ពិការដោយសារគ្រោះថ្នាក់ចរាចរណ៍ ឲ្យបាន៥០% នៅបំណាច់ឆ្នាំ២០២០។

មានប្រសាសន៍បើកវគ្គ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ប្រធានបទទាំង២នេះ ពិតជាមានសារៈសំខាន់ចំពោះលោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សាទាំងអស់ ដែលជាប្រតិបត្តិករ ត្រូវតែចេះយល់ឲ្យបានគ្រប់ៗគ្នា សម្រាប់យកទៅអនុវត្តផ្ទាល់នៅតាមសាលារៀន សហគមន៍ និងគ្រឹះស្ថាន។ លោកគ្រូ អ្នកគ្រូគឺជាមនុស្សទី១ ក្នុងការផ្តល់នូវចំណេះដឹង ហេតុនេះនៅពេលបញ្ចប់វគ្គ សូមយកចំណេះដឹងដែលទទួលបានពីគ្រូឧទ្ទេស ជួយផ្សព្វផ្សាយកាន់តែទូលំទូលាយដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់រួមគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងលុបបំបាត់ការប្រើប្រាស់ ការជួញដូគ្រឿងញៀន ខុសច្បាប់ដោយប្តេជ្ញាទាំងអស់គ្នាថាពោធិ៍សាត់គ្មានគ្រឿងញៀន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងពីគម្រោងអភិវឌ្ឍន៍បន្ថែម លើសមទ្ធិផលដែលមានស្រាប់នាបច្ចុប្បន្ន សំដៅធ្វើយ៉ាងណាឲ្យខេត្តពោធិ៍សាត់យើង ដណ្តើមបានពានរង្វាន់ផ្ការំដួល៣ទង មានឈ្មោះបោះសំឡេង ជាទីក្រុងស្អាត ខេត្តស្អាត និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ហើយក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ យកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹង ពីសំណាក់លោកគ្រូ អ្នកគ្រូ ដែលជាថ្នាលបណ្តុះមនុស្សថ្មី ដោយប្រព្រឹត្តខ្លួនឲ្យក្លាយទៅជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីក្លាយខ្លួនទៅជាទំពាំងស្នងឫស្សីដ៏រឹងមាំ សម្រាប់ប្រទេសជាតិ និងជាមូលធនមនុស្សប្រកបដោយគុណភាព មានសក្ដានុពលសម្រាប់ការអភិវឌ្ឍសង្គមជាតិឲ្យមានការរីកចម្រើន៕ (Ti Amo)

   

Leave a Reply

Your email address will not be published. Required fields are marked *