លោករដ្ឋមន្ត្រី ស៊ុយ សែម បើកការដ្ឋានស្ថាបនាផ្លូវ ស្ពាន និងលូ ជាអំណោយសម្ដេចតេជោ ហ៊ុន សែន នៅស្រុកកណ្ដៀង

(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល តំណាងដ៍ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី ជា ខេង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវគ្រួសក្រហម និងស្ពាន នៅភូមិទួលចារ ឃុំអន្លង់វិល ស្រុកកណ្ដៀង។ ក្នុងឱកាសនោះ ក៍មានការអញ្ជើញចូលរួមពីសំណាក់ នាយឧត្តមសេនីយ៍ សែម សុវណ្ណី អនុប្រធានទី២អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងលោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកអគ្គីសនីកម្ពុជាផងដែរ។

លោក ឆាយ គឹមម៉ុង អភិបាលស្រុកកណ្ដៀងបានជម្រាបជូនថា ការបើកការដ្ឋានថ្ងៃនេះរួមមាន ផ្លូវគ្រួសក្រហមមួយខ្សែប្រវែង៧៥០០ម, ស្ពានបេតុង០២កន្លែង, សំណង់លូប្រអប់០២កន្លែង និងលូមូល០៥កន្លែង តភ្ជាប់គ្នារវាងសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ទៅឃុំអន្លង់វិល ឃុំកញ្ជរ ស្រុកកណ្ដៀង។ ពីមុនផ្លូវនេះជាផ្លូវលំតូចចង្អៀតពិបាកធ្វើដំណើរខ្លាំងណាស់ តាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ។ ក្រោយថ្ងៃរំដោះ៧មករា១៩៧៩ ដល់ឆ្នាំ១៩៨៦ ប្រជាជនក្នុងភូមិបានប្រមូលកម្លាំងជុសជុលឡើងវិញ ដើម្បីសម្រួលការធ្វើដំណើរ។ នៅឆ្នាំ១៩៩៤ ផ្លូវនេះបានជុសជុល ដោយអង្គការស្បៀងអាហារពិភពលោក ដោយប្រើប្រាស់ស្បៀងពលកម្ម ហើយក្រោយមកនៅឆ្នាំ២០០៦ ក្រុមប្រឹក្សាសង្កាត់បន្ទាយដី បានប្រើប្រាស់មូលនិធិសង្កាត់ ធ្វើការជុសជុលឡើងវិញម្ដងទៀត ប៉ុន្តែមកដល់ពេលនេះ បានខូចទ្រុឌទ្រោមអស់ ទើបពេលនេះសម្ដេចតេជោ ហ៊ុន សែន បានប្រគល់ឲ្យកងវិស្វកម្មស្ថាបនាជាថ្មីតែម្ដង។

លោកឧត្តមសេនីយ៍ឯក បោង ប៊ុន្នី មេបញ្ជាការកងវិស្វកម្មស្ថាបនាផ្លូវបានលើកឡើងថា ដោយឃើញប្រជាពលរដ្ឋមានការលំបាកក្នុងការដឹកកសិផលទៅកាន់ទីផ្សារ និងសិស្សលំបាកធ្វើដំណើរទៅរៀនផងនោះលោក សែម សុវណ្ណី ដែលមានស្រុកកំណើតនៅទីនេះស្រាប់ បានលើកគម្រោងស្នើសុំទៅរាជរដ្ឋាភិបាលដើម្បីស្ថាបនាផ្លូវនេះឡើង។ លោកសូមឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានផ្ទះសម្បែងអមសងខាងផ្លូវ មេត្តាយោគយល់ និងចូលរួមទាំងអស់គ្នា ដើម្បីឲ្យការស្ថាបនាផ្លូវដំណើរការទៅដោយរលូន។

លោក ស៊ុយ សែម បានថ្លែងថា ផ្លូវ ស្ពាន លូ ដែលធ្វើពិធីបើកការដ្ឋានថ្ងៃនេះ គឺជាសមិទ្ធិផលថ្មីមួយទៀត បន្ថែមពីលើសមិទ្ធិផលចាស់ ដែលសម្ដេចផ្ដល់ជូនប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ដូចជាសាលារៀនរាប់រយខ្នង ទំនប់ដំណាក់អំពិល ទំនប់ចារឹក ផ្សារពោធិ៍សាត់ ស្ពានថ្មឆ្លងស្ទឹងពោធិ៍សាត់០៤កន្លែង មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប៊ុន រ៉ានី ហ៊ុនសែន និងផ្លូវកៅស៊ូជាច្រើនខ្សែទៀត។ លោកបន្តទៀតថា ពេលនេះយើងចាក់គ្រួសក្រហមសិន នៅពេលដែលស្រុកទេសនៅតែរក្សាបានសន្តិភាពដដែល យើងនឹងក្រាលកៅស៊ូតែម្ដង។ លោកបានធ្វើការប្រៀបធៀបថា ដោយសារតែយើងផ្លាស់ប្ដូរមេដឹកនាំ ទើបធ្វើឲ្យប្រទេសយើងក្រឡាប់ចក្រកន្លងមកជាបន្តបន្ទាប់។ សម្ដេចតាកាន់អំណាចកំពុងតែមានការអភិវឌ្ព្យន៍រីកចម្រើន បានតែ១៧ឆ្នាំ ស្រាប់តែ លន់ ណុល មកធ្វើរដ្ឋប្រហារទម្លាក់ចេញ។ លន់ ណុល កាន់អំណាចបាន០៥ឆ្នាំប៉ុណ្ណោះក៏ត្រូវ ប៉ុល ពត មកជំនួសម្ដងដោយសារតែសេពគប់មិត្តខុស ធ្វើឲ្យប្រទេសលិចលង់។ ចំណែក ប៉ុល ពត កាន់អំណាចក្នុងរយះពេល០៣ឆ្នាំ០៨ខែ២០ថ្ងៃ បានធ្វើឲ្យប្រទេសជាតិរលាយសាបសូន្យ គ្មានសល់អ្វីទាំងអស់ ហើយប្រជាជនត្រូវពួកវាធ្វើបាប និងកាប់សម្លាប់យ៉ាងសាហាវព្រៃបំផុត។ លុះមកដល់ថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ ទើបគណបក្សប្រជាជនកម្ពុជាផ្ដួលរំលំបាន ហើយបានដឹកនាំរហូតមកដល់ពេនេះមានរយះពេលជិត៤០ឆ្នាំហើយ ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន។ ដូច្នេះបើប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ព្យន៍ ហើយបងប្អូនរស់នៅដោយសុខស្រួលហើយ តើបងប្អូនចង់បានអ្វីទៀត?។ ឯកឧត្តមសូមឲ្យកងវិស្វកម្មស្ថាបនាផ្លូវឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដោយធានាទាំងគុណភាពនិងសោភ័ណភាព។

ក្នុងឱកាសនោះ លោក ស៊ុយ សែម និងលោកជំទាវ បានជូនសារុងម្នាក់មួយ និងថវិកា១ម៉ឺនរៀល ដល់ប្រជាពលរដ្ឋចូលរួមចំនួន៨០០នាក់ ជាអំណោយរបស់សម្ដេចតេជោហ៊ុន សែន និងបានឧបត្ថម្ភថវិកា២លាន ១សែនរៀល សម្រាប់ចាក់ដីបំពេញទីធ្លាអនុវិទ្យាល័យពោធិ៍សុវណ្ណរង្សី និង៤លានរៀលទៀតសម្រាប់ធ្វើលូមួយកន្លែងនៅភូមិទូលចារ។ ចំណែកលោក សែម សុវណ្ណី បានផ្ដល់ដី២០០ឡាន ធ្វើផ្លូវប្រវែង៣៥០ម៉ែត្រ ក្នុងភូមិវត្តពោធិ៍, ផ្ដល់អិដ្ឋការ៉ូ៧០កេស និងម៉ាស៊ីនថតចំលងមួយគ្រឿង ដល់សង្កាត់បន្ទាយដី និងផ្ដល់ម៉ាស៊ីនកុំព្យូទ័រមួយគ្រឿង ម៉ាស៊ីនថតចំលងមួយគ្រឿង សម្រាប់ប្រើប្រាស់ក្នុងប៉ុស្តិ៍រដ្ឋបាលស្វាយលួង៕

Leave a Reply

Your email address will not be published. Required fields are marked *