អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យការសាងសង់ប្រព័ន្ធធារាសាស្រ្ត ២ទីតាំង នៅខេត្តពោធិ៍សាត់ ដែលមានលទ្ធភាពស្រោចស្រពផ្ទៃដីរាប់ពាន់ហិកតា (Video inside)

ពោធិ៍សាត់៖ បន្ទាប់ពីបញ្ចប់កម្មវិធី «ទិវាជាតិនៃការចងចាំ» ២០ ឧសភា នៅវត្តចន្ទរង្សី ហៅវត្តរំលេច រួចមក នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ដដែលនេះ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងក្រុមការងារជាថ្នាក់ដឹកនាំខេត្ត អមដំណើរដោយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានបន្តដំណើរចុះទៅពិនិត្យ៖
*ទី១៖ ការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្រ្ត វត្តជ្រែ ស្ថិតក្នុងឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
*ទី២៖ ការធ្វើទំនើបកម្មប្រព័ន្ធបើក-បិទទ្វារទឹក ដំណាក់អំពិល និងប្រឡាយធ្វើអំពីបេតុង នៃប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល ស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់។

សូមជម្រាបថា ការងារសាងសង់ប្រព័ន្ធធារាសាស្ត្រ វត្តជ្រែ ក្រោមប្រាក់កម្ចីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA) ចំនួន៤,៦១លានដុល្លារ ត្រូវអនុវត្តរយៈពេល៥ឆ្នាំ (២០១៦-២០២០) ហើយរហូតមកដល់បច្ចុប្បន្ននេះ ការងារសម្រេចបានប្រមាណ ៦៩ភាគរយ។ គម្រោងនេះ ពេលសាងសង់ រួចមានលទ្ធភាពស្រោចស្រពលើផ្ទៃដី ចំនួន១,៩៧៩ហិកតា នៅរដូវវស្សា និងនៅរដូវប្រាំង ចំនួន១,៩៤៩ហិកតា។

ដោយឡែក គម្រោងធ្វើទំនើបកម្មប្រព័ន្ធបើក-បិទទ្វារទឹកដំណាក់អំពិល និងប្រឡាយធ្វើអំពីបេតុង នៃប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល ត្រូវបានអនុវត្តក្រោមឥណទានសម្បទានរបស់ជប៉ុន ក្នុងទឹកប្រាក់ ប្រមាណ១,៥០លានដុល្លារ សម្រាប់រយៈពេល០២ឆ្នាំ (២០១៨-២០១៩) និងបច្ចុប្បន្នការងារសម្រេចបាន ៩០ភាគរយហើយ។

ក្នុងឱកាសចុះពិនិត្យទីតាំងគម្រោងខាងលើ លោកអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងលទ្ធផលដែលក្រុមការងារសម្រេចបានរហូតមកដល់ពេលនេះ និងបានលើកឡើងនូវយោបល់ល្អៗ ចំពោះលក្ខណៈបច្ចេកទេស ដែលត្រូវយកចិត្តទុកដាក់ ដើម្បីពង្រឹងលើគុណភាពសំណង់ដែលកំពុងសាងសង់ សម្រាប់ការប្រើប្រាស់ជាប្រយោជន៍នាពេលបច្ចុប្បន្ន និងអនាគតយូរអង្វែងទៅមុខ៕ Ti Amo (ពស)

Leave a Reply

Your email address will not be published. Required fields are marked *